ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសគោលនយោបាយ ជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យ នៅថ្ងៃ១៣ វិច្ឆិកា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងប្រកាសដាក់ចេញនូវគោលនយោបាយមួយ ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អំបាញ់មិញជជែកជាមួយឯកឧត្តម សាយ សំអាល់ អំពីសំណើរបស់សមាគមអចលនទ្រព្យរឿងមួយនោះ ថ្ងៃទី១៣ ខែវិច្ឆិកាខ្ញុំនឹងប្រកាស។ តាមពិតមានគោលនយោបាយមួយ ដែលយើងចំហរ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង អីចឹងយើងនឹងផ្សព្វផ្សាយឱ្យប្រើ ដើម្បីផលប្រយោជន៍ទាំងអស់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា ។ ក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់ថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់ ៕