សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃមុនគេវាយប្រហារខ្ញុំថា ដាក់ចេញគោលនយោបាយ គឺសម្រាប់តែបក្ខពួកឯង អ្នកមានអំណាច
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ថ្ងៃមុន គេវាយប្រហារសម្ដេចថា ដាក់ចេញគោលនយោបាយ គឺសម្រាប់តែបក្ខពួកឯង អ្នកមានអំណាច ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន៨ពាន់នាក់ នៅខេត្តកណ្ដាល នាថ្ងៃទី២ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ថ្ងៃមុន គេវាយប្រហារខ្ញុំថា ដាក់ចេញគោលនយោបាយគឺសម្រាប់តែបក្ខពួកឯង អ្នកមានអំណាច, ខ្ញុំថា និយមន័យសម្រាប់បក្ខពួកខ្ញុំ បក្ខពួករបស់គណបក្សប្រជាជន គឺប្រជាជន១៧លាននាក់ ហើយអ្នកណាអ្នកមានអំណាចគឺប្រជាជននេះឯង អ៉ីចឹងគោលនយោបាយរបស់យើង គឺគ្របដណ្ដប់លើប្រជាជនយើងទាំង១៧លាននាក់»។
សម្ដេចធិបតី បន្ថែមថា អ្វីដែលរាជរដ្ឋាភិបាលធ្វើដើម្បីប្រជាពលរដ្ឋទូទាំងប្រទេសនេះ គឺការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងហេរចនាសម្ពន្ធ ផ្លូវ ទឹក អគ្គិសនី ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍ធនធានមនុស្ស ការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋ ការទាក់ទាញវិនិយោគនិងទេសចរ ដើម្បីបង្កើតឱកាសការងារនិងមុខរបរសម្រាប់ប្រជាពលរដ្ឋ។
សម្ដេចធិបតី គូសបញ្ជាក់ថា បក្ខពួករបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារបស់សម្ដេច គឺមិនមានអ្នកណាក្រៅពីប្រជាពលរដ្ឋទាំង ១៧លាននាក់នោះឡើយ ៕