សម្ដេចធិបតី៖ «ម្សៀចាស់វស្សា» ទំនងជាមិនបានរៀនដល់ថ្នាក់បណ្ឌិតឡើយ ទើបពុំបានយល់ដឹងទាល់តែសោះ ពីការសិក្សាកម្រិតថ្នាក់បណ្ឌិត
ភ្នំពេញ៖ ក្រោយទណ្ឌិត សម រង្ស៊ី ចេញមករិះគន់តាមបណ្ដាញសង្គមប៊ុក ចំពោះនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេចធិបតី, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្ម និងហៅទណ្ឌិតរូបនោះថាជា «ម្សៀចាស់វស្សា» និងថាម្សៀនេះទំនងជាមិនបានរៀនដល់កម្រិតថ្នាក់បណ្ឌិតនោះឡើយ ទើបបានជាពុំបានយល់ដឹងទាល់តែសោះអំពីការសិក្សានូវកម្រិតថ្នាក់បណ្ឌិត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំថាអីក៏យ៉ាប់ម៉្លេះ អីក៏ល្ងង់ម៉្លេះលោក ! ខ្ញុំមិនបានហាមសាលានោះទេ ប៉ុន្តែសាលាគេមានគោលការណ៍លាក់ការណ៍និស្សិតរបស់គេ មិនមែនតែនិក្ខេបបទរបស់ខ្ញុំទេ និក្ខេបបទរបស់អ្នកណាក៏ដោយ បើអ្នកឯងសុំគេមិនបាន អ្នកឯងមកសុំខ្ញុំទៅ ខ្ញុំឱ្យ ! ចាំបាច់ចុះកាសែត»។
សម្តេចធិបតីថា មិនមានរឿងអ្វីដែលត្រូវលាក់និក្ខេបបទនោះទេ។ សម្ដេចរំលឹកថា និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច គឺសម្ដេចបានសរសេរអំពីសហគ្រាសធុនតូច និងមធ្យម ដែលសារៈសំខាន់របស់វា គឺជំរុញសេដ្ឋកិច្ចរបស់ជាតិ ហើយនៅក្នុងនោះ សម្ដេចក៏បានបង្ហាញ អំពីកត្តាអ្វីខ្លះដែលនាំឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះអាចដំណើរការ រីកចម្រើនបាន។
សម្តេចបន្ថែមថា «ពេលខ្ញុំសរសេរនិក្ខេបបទនោះ ខ្ញុំត្រូវការប្រមូលទិន្នន័យ ដើម្បីយកមកធ្វើការវិភាគ បទពិសោធន៍ពីប្រទេសផ្សេងៗ យកមកវិភាគដើម្បីចេញជារូបមន្តមួយ មកចូលរួមធ្វើការដាក់នៅក្នុងប្រទេសណាក៏បានដែរ រួមទាំងកម្ពុជា»។
សម្តេចក៏បានបង្ហើបផងដែរ អំពីការសរសេរសារណា នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សម្ដេច ដោយយបានសរសេរអំពីការដោះស្រាយបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា ពេលនេះសម្ដេចក៏បានជួយផ្តល់គោលនយោបាយដល់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាដីធ្លីផងដែរ ៕