នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ចុះពិនិត្យមើលការប្រុងប្រៀបត្រៀមហ្វឹកហ្វឺនវិស្វកម្មធុនធ្ងន់ត្រីភាគី UN កូរ៉េ និងកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះទៅ សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលការប្រុងប្រៀបរៀបចំការហ្វឹកហ្វឺនវិស្វកម្មធុនធ្ងន់ត្រីភាព មាន អសប សាធារណរដ្ឋកូរ៉េ និងកម្ពុជា ជាម្ចាស់ផ្ទះ។
ហ្វឹកហ្វឺននេះ នឹងចាប់ផ្តើមបើកវគ្គនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងផ្តោតសំខាន់ទៅលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្រោមកិច្ចសហការឧបត្ថម្ភសាធារណរដ្ឋកូរ៉េ អសប និងកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា គម្រោងវគ្គហ្វឹកហ្វឺនខាងលើនេះសម្រាប់កម្ពុជា ក៏បានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគីនាឆ្នាំ ២០២៤-២០២៥។ ទន្ទឹមនោះ កម្ពុជា ក៏នឹងបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-ជប៉ុន-អសប ដែលមានប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនចូលរួម៕