ជម្រកស្នាក់នៅមួយខ្នង ក្រោមជំនួយគ្រឿងឈើ សម្ភារៈ និងស័ង្កសីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដំណើរការសាងសង់រួចរាល់ជូនពលរដ្ឋ នៅស្រុកស្ទោង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំសហការី ទៅពិនិត្យ និងប្រគល់ជម្រកស្នាក់នៅមួយខ្នង ដែលមានទំហំបីម៉ែត្រកន្លះ គុណ នឹងបួនម៉ែត្រ ក្រោមជំនួយឧបត្ថម្ភស័ង្កសី សម្ភារៈ និងគ្រឿងឈើ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាងសង់ជូនក្រុមគ្រួសារលោកយាយ សូត្រ ណៃ ដែលជាប្រជាពលរដ្ឋក្រីក្រ មានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខប្រមុខរាជរដ្ឋាភិបាល ដែលប្រកបដោយគុណធម៌ រួមជាមួយអាជ្ញាធរដែនដី និងកងទ័ពដែលជាកូនចៅរបស់ប្រជាជន មើលការខុសត្រូវនឹងជួយដោះស្រាយការលំបាកជូនគាត់ ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលមរណភាពដោយខ្វះអាហារបរិភោគនោះឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានផ្ដល់ដីធ្លីសម្រាប់ជូនគាត់សាងសង់លំនៅឋានស្នាក់នៅ និងបានសំណូមពរដល់អាជ្ញាធរដែនដី ភូមិ ឃុំ បន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកយាយ សូត្រ ណៃ បន្តទៀត ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតដទៃផ្សេងទៀតផងដែរ ។ ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់ក្រុមគ្រួសារលោកយាយ សូត្រ ណៃ ត្រូវខិតខំថែរក្សាសុខភាព រស់នៅស្អាត មានអនាម័យល្អ ចៀសវាងការឆ្លងជំងឺដង្កាត់ផ្សេងៗ នាំឲ្យអស់ថវិកាក្នុងការព្យាបាលជំងឺ។
នៅក្នុងឱកាសប្រគល់ជម្រកស្នាក់នៅ ដែលទើបសាងសង់រួចនៅពេលនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់បន្ថែមទៀតរួមមាន÷ អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាមួយចំនួនផងដែរ។
លោកយាយ សូត្រ ណៃ មានក្តីរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌ របស់សម្តេចមហាបវរធិបតី និងលោកជំទាវ និងសូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយការលំបាកខ្វះខាតជូនប្រជាជន និងអតីតយុទ្ឋជន នៅគ្រប់ទីកន្លែង ។