ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួនពីរក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ២០០គ្រួសារ ទទួលបានអំណោយពីឯកឧត្តម អភិសន្តិបណ្ឌិ ស សុខា និងលោកជំទាវ
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញ នាំយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួនពីរក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ចំនួន២០០គ្រួសារ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តលោក-លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធបានចូលរួមផងដែរឡើងនៅភោជនីយដ្ឋាន ស្ទឹងសែន ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះឯកឧត្តម ស សុខា ក៏បានចូលរួមសម្ដែងការសោកស្ដាយចំពោះបាតុភូតធម្មជាតិគ្រោះទឹកជំនន់ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ ដែលធ្វេីឱ្យបះពាល់ដល់ផ្ទះសំបែង ផលដំណាំផ្សេងៗ។
ទន្ទឹមជាមួយគ្នានោះឯកឧត្តម ក៏បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាគោលដៅអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់នូវការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋជាខ្លាំង។
ឯកឧត្តម បន្តថា ពេលប្រជាពលរដ្ឋជួបការទុក្ខលំបាក សម្តេច តែងតែចាត់ក្រុមការងារដើម្បីចុះជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលពេលវេលា ដោយមិនទុកឱ្យបងប្អូនចោលឡេីយ។
សូមបញ្ជាក់ថា ពលរដ្ឋទាំង២០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់មកពីក្រុងសិរីសោភ័ណចំនួន១០០គ្រួសារ ស្រុកមង្គលបុរី១០០គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម,ទឹកស៊ីអ៊ីវមួយយួរ, ទឹកត្រីមួយយួរ ,ត្រីខមួយយូរ រួមនឹងថវិកា៥ម៉ឺនរៀល។ជាមួយគ្នានោះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានជូនថវិកា ជូនរដ្ឋបាលខេត្តចំនួន៤០លានរៀលផងដែរ៕