សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា តែងជំរុញនិងលើកកម្ពស់វិស័យកីឡា ជាពិសេសសម្តេចតេជោ តែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ។
ការលើកឡើងរបស់សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) និងកីឡាករ ព្រំ សំណាង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតីផ្ទាល់ សម្ដេចក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ៕