ការលើកតម្លៃវប្បធម៌ និងសិលធម៌សង្គម គឺជាកាត្វកិច្ចរបស់យើងគ្រប់គ្នា រាប់តាំងពីសិស្សានុសិស្ស មន្ត្រី រាជការ និង សាធារណជនទូទៅ
ថ្លែងនៅក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីការលើកតម្លៃវប្បធម៌៖ ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកា កម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយ សង្គម នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវ ឡងឌី សាន់ណារ៉ា បានមានប្រសាសន៍ថា ការលើកតម្លៃវប្បធម៌ និងសីលធម៌សង្គម គឺជាកាត្វកិច្ចរបស់យើងគ្រប់គ្នា រាប់តាំងពីសិស្សានុសិស្ស មន្ត្រី រាជការ និង សាធារណជនទូទៅ។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីការលើកតម្លៃវប្បធម៌៖ ការពង្រឹងសីលធម៌ សង្គម តាមរយៈការផលិត ការផ្សព្វផ្សាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គមនេះរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំក្នុងគោលបំណងដើម្បីធ្វើការអប់រំ ចែករំលែកបទ ពិសោធន៍ និងបញ្ច្រាបចំណេះដឹង ជូនដល់បងប្អូនដែលកំពុងប្រកបរបរ ជាអ្នកផលិត វីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំង អ្នកសម្តែងក្រៅប្រព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់នូវ ភាពអនាធិបតេយ្យក្នុងការ ផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួងកិច្ចការនារី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការនិងសាសនា អគ្គស្នងការនគរបាលជាតិ តំណាងអង្គការសមាគមន៍ ផលិតករ សិល្បករសិល្បការិនី អ្នកផលិតមាតិកាកម្សាន្តសរុប ១៥០រូប៕