នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ប្រទេសយើងខ្លាំង ទាល់តែប្រជាជនរស់រវើក ហើយចេះឆក់យកឱកាស ពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅរបស់ខ្លួន ទើបប្រទេសយើងរឹងមាំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ប្រទេសយើងខ្លាំង ទាល់តែប្រជាជនរស់រវើក ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅរបស់ខ្លួន ទើបប្រទេសយើងរឹងមាំ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨ ១៩០ នាក់ នៅខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ ឲ្យកម្ពុជាក្លាយជាប្រទេសរីកចម្រើន ហើយគោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស។
សម្ដេចធិបតី បញ្ជាក់ថា «ប្រទេសយើងខ្លាំង ទាល់តែប្រជាជនរស់រវើក ទាល់តែប្រជាជនមានសមត្ថភាព មានសុខភាពរឹងមាំ ហើយសំខាន់ចេះឆក់យកឱកាស ពង្រឹងសមត្ថភាពខ្លួន ពង្រឹងជីវភាពរស់នៅរបស់ខ្លួន ទើបប្រទេសរបស់យើងរឹងមាំ»។
សម្ដេចធិបតីបន្ថែមថា ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬហាងមួយដែរ ជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំងនេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុកភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនិងចូលរួមពង្រឹងភូមិ ឃុំ ស្រុក ខេត្តរបស់ខ្លួន និងពង្រឹងស្ថាប័នរបស់ខ្លួន ដើម្បីឱ្យជាតិរឹងមាំ ៕