មេបញ្ជាការរងបញ្ជាការដ្ឋានកាំភ្លើងធំ៖ កងទ័ពត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារឯករាជជាតិ សន្តិភាព រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី កែវ លឹមហាន មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែងសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ ឯករាជជាតិ ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ឯកឧត្តមឧត្តមសេនីយ៍ត្រី កែវ លឹមហាន មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ បានអប់រំផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង និងពលទាហានត្រូវតែយកចិត្តទុកដាក់ខ្ពស់ នូវការងារដែលកំពុងអនុវត្ត ព្រមទាំងត្រៀមកម្លាំង និងរថយន្តដើម្បីការពារពីការប៉ុនប៉ង ពីពួកប្រឆាំងជ្រុលនិយមក៏ដូចជា អនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ក្នុងពេលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៣ និងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ដែលចូលមកដល់ក្នុងពេលខាងមុខនេះ។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កែវ លឹមហាន ក៏បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ត្រូវតែហានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ ឯករាជជាតិ ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលក្ខណ:ប្រជាធិបតេយ្យ ដែលមាន សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត បេក្ខភាពគណៈបក្សប្រជាជន ជានាយករដ្ឋមន្ត្រី។
ក្រោមការអប់រំណែនាំរបស់ ឧត្តមសេនីយ៍ត្រី កែវ លឹមហាន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់បញ្ជាការដ្ឋានកាំភ្លេីងធំ បានយកចិត្តទុកដាក់ស្ដាប់ ដើម្បីអនុវត្តឱ្យបានល្អប្រសើរ នូវតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ៕