រដ្ឋមន្រ្ដី នេត្រ ភក្រ្ដា ចាត់ទុកស្ថានីយវិទ្យុ ទូរទស្សន៍ បាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ លើការបង្ហាញពីការអនុវត្ដនូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងប្រព័ន្ធផ្សព្វផ្សាយ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងថា ជាមួយនឹងការចូលរួមសហការគ្នាក្នុងការផ្សព្វផ្សាយអំពីព្រឹត្ដិការណ៍ជាតិ គោលនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនោះ ស្ថានីយវិទ្យុ ទូរទស្សន៍ក៏បាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ថែមទៀតទៅលើការបង្ហាញអំពីការអនុវត្ដនូវក្រមសីលធម៌វិជ្ជាជីវៈ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ហើយក៏បានចូលរួមផ្សព្វផ្សាយនូវការពិតដល់ប្រជាពលរដ្ឋ។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងការសហការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានការអញ្ជើញចូលរួមពីម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍នេះ គឺជាការសហការរួមកម្លាំងគ្នាមួយយ៉ាងសំខាន់ ដែលបានធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ឯកឧត្ដមបានថ្លែងថា ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ដែលបានសហការគ្នាយ៉ាងល្អ និងមានភាពសកម្មក្នុងការផលិតព័ត៌មាន និងផលិតខ្លឹមសារ ដែលនេះគឺផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្សាយការពិតជូនដល់ប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលអាចភ្ជាប់ទៅកាន់ពិភពលោក ព្រមទាំងបានផ្ដល់ព័ត៌មានពិតពីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ដែលបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយ និងផ្ដល់ការគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយតែងតែចូលរួមសហការក្នុងការផ្សាយបន្ដផ្ទាល់ និងផ្សាយផ្ទាល់ពីព្រឹត្ដិការណ៍នានារបស់ជាតិ ក៏ដូចជាកម្មវិធីរបស់ថ្នាក់ដឹកនាំ ជាពិសេសក្នុងអាណត្ដិទី៧នេះ ដែលសកម្មភាពរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងការចុះជួបជាមួយកម្មករ កម្មការិនី និងកម្មវិធីផ្សេងៗទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានស្នើសុំដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ បង្កើននូវយកចិត្ដទុកលើការពង្រឹងនូវគុណភាពព័ត៌មាន ខណៈស្ថានភាពបច្ចុប្បន្ននេះ គឺជាបញ្ហាដែលប្រព័ន្ធផ្សព្វផ្សាយកំពុងតែប្រឈម។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជម្រាបជូនផងដែរថា ក្នុងក្របខណ្ឌកិច្ចការងាររបស់ក្រសួងព័ត៌មាន យើងក៏បានកំណត់នូវអាទិភាពការងារមួយក្នុងចំណោមការងាអាទិភាពជាច្រើននោះគឺសំដៅទៅលើសន្ដិសុខព័ត៌មាន ខណៈពេលដែលយើងនិយាយអំពីសន្ដិសុខស្បៀង សន្ដិសុខទឹក យើងនិយាយអំពីសន្ដិសុខថាមពលគឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានថាមពលប្រើប្រាស់ពេញលេញ ហើយសន្ដិសុខស្បៀង គឺមានអាហារូបត្ដម្ភ និងអាហារហូបគ្រប់គ្រាន់។ ចំណែកបរិបទឌីជីថល យើងក៏និយាយអំពីសន្ដិសុខព័ត៌មានផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បន្ថែមថា សន្ដិសុខព័ត៌មានគឺសំដៅទៅលើធាតុផ្សំ៣ ទី១ ទាក់ទងទៅនឹងសិទ្ធិទទួលបានព័ត៌មាន ទី២ ខឹ្លមសារដែលផ្ដល់ឱ្យទៅសាធារណជនប្រកបដោយគុណភាព គឺសំដៅទៅលើគុណភាពសារព័ត៌មានពីព្រោះអ្វីដែលយើងត្រូវដើរគឺស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលនោះគឺការកំណត់ប្រទេសកម្ពុជារបស់យើងនៅឆ្នាំ២០៣០ គឺជាប្រទេសដែលមានកម្រិតមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ គឺជាប្រទេសដែលមានចំណូលខ្ពស់។ ទី៣ គឺសុវត្ថិភាពព័ត៌មានសំដៅទៅលើការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយនេះគឺមានសុវត្ថិភាព ខណៈបរិបទបច្ចុប្បន្នគឺមានព័ត៌មានក្លែងក្លាយច្រើន៕