កម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើ “ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី បានចុះហត្ថលេខាលើ “ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពី“ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Double Taxation Agreement-DTA)” ។
ការចុះហត្ថលេខានេះ បានធ្វើឡើងកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា “ពិធីសារទី ២ នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី។
គោលបំណងនៃការរៀបចំឱ្យមាន “ពិធីសារទី ២”នេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី មានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting-BES)។
គួរបញ្ជាក់ផងដែរថា “កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី” ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តន៍ចាប់តាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨៕