ឯកឧត្តម អ៊ូច ភា ដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលផ្ទាល់ស្ថានភាពទឹកជន់លិចដំណាំស្រូវរបស់ពលរដ្ឋ នៅឃុំគោកព្រេច ស្រុកគិរីវង់
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ទុយ សុភ័ក្រ អភិបាលរងខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ នារសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះពិនិត្យមើលដំណាំស្រូវរបស់ពលរដ្ឋ កំពុងជន់លិច ប្រឈមនិងការខូចខាត ចំនួន ១.១៩៧ហិកតា ស្មើនឹង ២.២៨៨គ្រួសារ មានចំនួន ១០ភូមិ ក្នុងឃុំគោកព្រេច ស្រុកគិរីវង់ និងបានចុះពិនិត្យមើលជាក់ស្ដែងទ្វារបង្ហូរទឹកសំខាន់ៗ ដើម្បីបើកផ្លូវទឹកជួយសង្រ្គោះដំណាំស្រូវរបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា។
មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ មន្ទីរជំនាញ ជាពិសេស អាជ្ញាធរស្រុកគិរីវង់ និងឃុំ ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះស្ថានភាពទឹក ដែលកំពុងជន់លិចដំណាំស្រូវរបស់ពលរដ្ឋ ១១៩៧ហិកតា ដោយអំឡុងពេលនេះ យើងបាននឹងកំពុងបើកទ្វារទឹកសំខាន់ៗ នៅតាមភូមិសាស្រ្តមួយចំនួន នៅក្នុងឃុំគោកព្រេច ឃុំរាមអណ្ដើក និងឃុំអង្គប្រាសាទ ធ្វើយ៉ាងណាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំង ២.២៨៨គ្រួសារ បានច្រូតកាត់ទទួលផល ព្រោះស្ថានភាពពេលនេះទឹកកំពុងតែលិចខ្លាំង ដែលធ្វើឱ្យស្រូវរបស់បងប្អូនប្រឈម។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរស្រុកគិរីវង់ និងអាជ្ញាធរស្រុកកោះអណ្តែត ត្រូវត្រៀមលក្ខណៈដោយចុះពិិនិត្យទឹកដែលបានបើកទ្វារទឹកពីលើចុះមកក្រោម ជាប់ព្រំប្រទល់នឹងស្រុកកោះអណ្តែត ត្រូវងត្រៀមគ្រឿងចក្រក្នុងករណីទឹកហូរពេញប្រៀប ដែលអាចនឹងជន់លិចបន្ថែមទៀតទៅដល់បងប្អូនប្រជាកសិករនៅស្រុកកោះអណ្តែត ត្រូវតែសហការគ្នាធ្វើយ៉ាងណា រំដោះទឹកចេញ ជៀសវាងការជន់លិចស្រូវដែលកសិករទើបតែបានព្រោះលើកដំបូង ៕