ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសានព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា៖
បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្តជាប់នឹងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%៕