សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា។
សម្ដេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា ត្រូវបានផ្ដល់ទំនុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍បន្ដទៀតថា ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោកផងដែរ។
សូមរំលឹកថា មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំឡើង លើទឹកដី សៀមរាបអង្គរ ពី ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ក្រោម ប្រធានបទ «ស្រមៃមើលឱកាស៖ ផ្តល់អំណាចដល់ កុមារី និងយុវតី (Imagine Possibilities)»៕