ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងនគរបាលជាច្រើនរូបទៀត។
សូមជម្រាបជូនថា អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ មានទំហំ១៥៣ម៉ែត្រ គុណនឹង ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន ៣៣០គ្រឿង។
អគារនេះ មានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា ៕