សម្តេចធិបតី៖ នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ ។
ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្តាប់ឱ្យជាប់រាល់បញ្ហាដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយខិតខំដោះស្រាយ នៅក្នុងមូលដ្ឋានឱ្យអស់ពីលទ្ធភាព។ បន្ថែមពីនេះរាល់ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរងចាំបទបញ្ជា វិមជ្ឈការនេះ គឺជាការប្រគល់សិទ្ធិ អញ្ចឹងប្រគល់សិទ្ធិ គឺត្រូវការដោះស្រាយមិនមែនតែបញ្ហាទំនាស់នោះទេ ប៉ុន្តែបញ្ហាការផ្តល់សេវារដ្ឋបាលផ្សេងៗ ត្រូវម្ចាស់ការដោះស្រាយកុំចាំ បើឱ្យសិទ្ធិហើយចាំសួរខាងលើសិន អញ្ចឹងគឺផ្តើមពីការកំណត់ឱ្យច្បាស់ក្រសួង ស្ថាប័ននីមួយៗត្រូវចេញគោលការណែនាំ បច្ចេកទេសឱ្យច្បាស់ បទដ្ឋានការងារឱ្យច្បាស់ថាសិទ្ធិស្អីមូលដ្ឋានកម្រិតណាមានសិទ្ធិដោះ កុំឱ្យគាត់ឱ្យច្បាស់មិនហ៊ានធ្វើ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការផ្តល់សិទ្ធិ ផ្តល់លក្ខខណ្ឌ ជូនដាវហើយទៅហើយសូមកាប់ផង ផ្តល់លទ្ធភាពទៅហើយសូមប្រើប្រាស់ឱ្យត្រូវគោលដៅដើម្បីបម្រើដល់ការវះកាត់ ក្នុងការដោះស្រាយបម្រើប្រជាពលរដ្ឋ ខ្វះការបំបនផ្សេងៗត្រូវស្នើមកថ្នាក់ជាតិ ដើម្បីជួយពង្រឹងសមត្ថភាព និងបច្ចេកទេសមួយចំនួនដល់មន្ត្រី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់ក្រសួង ស្ថាប័ន ដែលមិនទាន់មានការណែនាំច្បាស់លាស់អំពីសិទ្ធិ ដែលញែកឱ្យដាច់ពីស្ថាប័នជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវធ្វើយ៉ាងណាដើម្បីផ្តល់សិទ្ធិជូនពួកគាត់ក្នុងការដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន ៕