លោក ញ៉ាញ់ ជាបហ៊ង ចុះជួបសួរសុខទុក្ខបេក្ខជនប្រឡងបាក់ឌុប ដែលបានស្នាក់នៅមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចុះជួបសួរសុខទុក្ខបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានស្នាក់នៅមន្ទីរធនធានទឹកខេត្ត និងបានចាត់តាំងឲ្យមន្ត្រីនៃមន្ទីរ និងជាក្រុមការងារ ស.ស.យ.ក. វិស័យធនធានទឹក និងឧតុនិយម រៀបចំទីកន្លែងស្នាក់នៅ អាហារពេលល្ងាច និងឧបត្ថម្ភសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ដើម្បីជាការរួមចំណែកផ្ដល់ភាពងាយស្រួល ជូនបេក្ខជន អាណាព្យាបាល ដែលមកពីស្រុកបសេដ្ឋ ស្រុកថ្ពង ស្រុកគងពិសី និងស្រុកសាមគ្គីមុនីជ័យ ដែលបានមកស្នាក់នៅមន្ទីរ និងសហការរៀបចំទទួលផ្ញើរកង់ ម៉ូតូ ដោយឥតគិតថ្លៃជូនបេក្ខជន នៅមណ្ឌលវល្លសរ ផងដែរ។
សូមបញ្ជាក់ជូនថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលប្រឡងចំនួន ១១ មណ្ឌល ស្មើនឹង ២០៤បន្ទប់ មានបេក្ខជនបេក្ខនារី សរុបចំនួន ៥,០៤៧នាក់ នៅទូទាំងខេត្តកំពង់ស្ពឺ ៕