សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពេលខ្ញុំចាប់កំណើតក្នុងផ្ទៃ ៧ខែ ត្រូវជាប់គុកជាមួយម្តាយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា នៅពេលសម្ដេចចាប់កំណើតក្នុងផ្ទៃបាន៧ខែ ត្រូវជាប់នៅកន្លែងឃុំឃាំងជាមួយម្ដាយ ក្នុងសម័យប៉ុលពត ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃមុន ខ្ញុំធ្លាប់ប្រាប់គេថា ខ្ញុំធ្លាប់ជាប់គុក នៅជំនាន់ប៉ុលពត។ គេថាម៉េចអីចឹង? មកពីកាលជំនាន់ប៉ុលពត ពុកគាត់រត់ចេញទៅតស៊ូ អីចឹងគេដាក់ម៉ែក្នុងគុក ហើយខ្ញុំអាយុ ៧ខែ នៅក្នុងពោះ ហើយជាប់គុកដែរ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «ជំនាន់ខ្ញុំប៊ិសស្លាប់ម្ដង ដោយសារគេអត់មានថ្នាំហើយក្ដៅខ្លួនខ្លាំង ម្ដាយក៏អត់មានថ្នាំសង្កូវស្រួលបួលទេ។ គេមកប្រាប់ម៉ែ ពេទ្យខ្មែរក្រហមថា មិត្តអើយត្រៀមខ្លួនទៅ ត្រៀមចិត្តទៅ។ កូនទី១ កើតមកបងរបស់ខ្ញុំត្រូវស្លាប់ ដោយសារពេទ្យប្រហែសធ្លាក់ នៅសល់មួយទៀត ឥលូវក្ដៅខ្លួនអត់មានថ្នាំ ត្រៀមចិត្តទៅ»។
សម្ដេចធិបតីលើកឡើងថា សម័យស្រុកមានសុខសន្ដិភាព សូម្បីតែកូននៅក្នុងផ្ទៃនៅឡើយ ក៏ទទួលបានការគាំពារសុខភាពជាមួយម្ដាយ ក្នុងនោះមានទាំងការពិនិត្យសុខភាព ផ្ដល់អាហារូបត្ថម្ភ វ៉ាក់សាំងបង្ការផ្សេង ដែលជួយដល់ការការពារសុខភាពផងដែរ។ ពោលផ្ទុយទាំងស្រុង នៅពេលដែលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម រឿងរ៉ាវទាំងអស់នេះ ត្រូវបានគេមើលរំលង ៕