ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងថ្មីនៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងថ្មីនៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំសេចក្តីព្រាងថ្មីនៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីបេសកកម្ម រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗចំណុះក្រសួងមហាផ្ទៃ។
ឯកឧត្តម ប្រធានអង្គប្រជុំ បានរម្លឹកថា សម្រាប់អនុក្រឹត្យលេខ ១០៩ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ដោយសារតែក្រសួងមហាផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀតត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នា។ ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់អង្គភាពនីមួយឡើងវិញ ឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន។
ជាថ្មីម្តងទៀត ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងថ្មីនៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំដល់សមាជិកអង្គប្រជុំដែលជាតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ បន្តពិនិត្យមើលផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ស្តីពីតួនាទីភារកិច្ចរបស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំអនុក្រឹត្យថ្មីនេះល្អគ្រប់ជ្រុងជ្រោយ និងភាពងាយស្រួលដល់ការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗចំណុះក្រសួងមហាផ្ទៃ៕