មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បំពេញទស្សនកិច្ច នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈាវមីង មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដែលបានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ច និងសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៤ ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានបង្ហាញនូវមោទនភាពចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក្នុងប្រវត្តិសាស្ត្រជាមួយគ្នាយូរលង់ណាស់មកហើយ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានបន្តពង្រឹង និងពង្រីកការទំនា់ទំនង កិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។ ជាក់ស្តែងថ្មីៗនេះ ក្នុងឱកាសនៃការចូលរួម វេទិការខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង របស់សាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន បានឯកភាពកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានលើវិស័យទេសចរណ៍ និងការតភ្ជាប់រវាង ប្រទេស និងប្រទេស។ ដោយផ្អែកលើមូលដ្ឋាននេះ យើងសង្ឃឹមថាភ្ញៀវទេសចរ នឹងមានការកើនឡើង ជាពិសេសខេត្តសៀមរាប គួបផ្សំនឹងអាកាសយានដ្ឋានថ្មី ដែលត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ចំពោះវិស័យយោធា ក៏មានការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ ក្នងការបណ្តុះបណ្តាលធនធានមនុស្ស ដោយយោធភូមិភាគទី៤ ក៏ធ្លាប់បានបញ្ជូន នាយទាហាន ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសរុបចំនួន ៧៧នាក់ រួចមកហើយ។ ហើយបច្ចុប្បន្ន នាយទាហានទាំងនេះ បាននឹងកំពុងបំពេញភារកិច្ច នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ បានធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន និងរឹងមាំ ជាពិសេសបានធ្វើឱ្យ យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានស្គាល់គ្នា និងផ្សាភ្ជាប់នូវមនោសញ្ចេតនាជាមិត្តភាព មេត្រីភាពជាមួយគ្នាទៅថ្ងៃអនាគត់ ៕