គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមពិធីដាក់ និងថ្វាយកម្រងផ្កា ក្នុងពិធីបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ នាសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចូលរួមពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ខួបទី៧០ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣)។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានដឹកនាំប្រតិភូបន្តដំណើរទៅថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យផងដែរ ៕