តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ចុះហត្ថលេខាបន្តសហការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ជំហានទី២៣
ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នៅថ្ងៃព្រហស្បត៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខាបន្តសហការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការជំនាញខេត្តពោធិ៍សាត់ និងលោកវរសេនីយ៍ឯក ជិញ ហ័ងហ្វុង មេបញ្ជាការនយោបាយគណៈបញ្ជាការយោធាខេត្តដុងថាប់ អនុប្រធានគណៈកម្មការជំនាញខេត្តដុងថាប់។
លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានឡើងរាយការណ៍អំពីលទ្ធផលនៃការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅខេត្តពោធិ៍សាត់ ចាប់ពីជំហានទី១ រដូវប្រាំងឆ្នាំ២០០២-២០០៣ ដល់ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ បានចំនួន ១២២សព និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចហើយ។
លោកវរសេនីយ៍ឯក ជិញ ហ័ងហ្វុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងស្អិតរមួត ក្នុងការជួយផ្ដល់ព័ត៌មាននិងស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ឱ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលកន្លងមក។
លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តជួយដល់ប្រទេសកម្ពុជា រហូតមក ព្រមទាំងបានប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រុមការងារK91 នៃគណៈកម្មការជំនាញខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ទៅកាន់មាតុប្រទេសជួបជុំក្រុមគ្រួសារ ដែលរង់ចាំអដ្ឋិធាតុនៅឯប្រទេសកំណើត ។
មុននឹងបញ្ចប់កម្មវិធី ភាគីទាំងពីរ(កម្ពុជា-វៀតណាម) បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាពស្អិតរមួតរវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាអង្គភាពទាំងពីរ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការយោធាខេត្តដុងថាប់ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ៕