ឱកាសការងារជាង ២ម៉ឺនកន្លែងកំពុងរង់ចាំអ្នកនៅពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើការ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គោលបំណងសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត ទទួលបានការប្រឹក្សាយោបល់អាជីព ការត្រៀមខ្លួនចូលធ្វើការងារយ៉ាងសកម្ម និងការស្វែងយល់ពីការបង្កើនផលិតភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងឆ្នាំ២០២៣នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ ដែលស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗ ដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍និងបដិសណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ៣ម៉ឺននាក់។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣នាឱកាសនេះ ត្រូវបានរៀបចំរួមបញ្ចូលគ្នានូវព្រឹត្តិការណ៍ធំៗពីរ ដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖
ទី១. ពិព័រណ៍ការងារដែលរួមមាន៖ ការតាំងផ្សព្វផ្សាយដោយក្រុមហ៊ុន គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលនឹងផ្តល់ឱកាសដ៏កម្រដល់សិស្ស-និស្សិត និងអ្នកស្វែងរកការងារក្នុងការជួបដោយផ្ទាល់ និងដាក់ពាក្យសម្ភាសរកការងារភ្លាមជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង ធ្វើការផ្គូផ្គងជំនាញដែលខ្លួនមានទៅនឹងតម្រូវការថ្មីៗនៅក្នុងទីផ្សារការងារ ធ្វើការដកស្រង់បទពិសោធន៍ និងទទួលមគ្គទេសក៍ផ្ទាល់ពីអ្នកជំនាញតាមវិស័យសំខាន់ៗ ព្រមទាំងឱកាសសម្រាប់ស្វែងរកការអប់រំបណ្តុះបណ្តាល និងការគាំទ្រនានាដើម្បីលើកកម្ពស់អនាគតអាជីពរបស់ខ្លួន។ ជាមួយនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវព័ត៌មានទីផ្សារការងារថ្មីៗ មតិយោបល់ និងការអនុវត្តល្អនានាដែលមានសារៈសំខាន់សម្រាប់រៀបចំផែនការអាជីព ការអប់រំបណ្តុះបណ្តាល និងធនធានមនុស្ស ព្រមទាំងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្សក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។
ទី២.យុទ្ធនាការលើកកម្ពស់ផលិតភាពការងារជាតិ ដែលមានសិក្ខាសាលាសី្តពី “ឱកាស និងបញ្ហាប្រឈមនៃផលិតភាពការងារ” ដែលមានវាគ្មិនជំនាញជាតិ-អន្តរជាតិនឹងធ្វើការចែករំលែកនូវគំនិត ចំណេះដឹង បទពិសោធន៍ ទស្សនវិស័យនៃការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងសារៈសំខាន់នៃការលើកកម្ពស់ផលិតភាពក្នុងការរក្សាភាពប្រកួតប្រជែង និងកំណើនរយៈពេលវែង ការកែលម្អការងារ មុខរបរ អាជីព និងប្រាក់ចំណូលប្រជាពលរដ្ឋ សំដៅបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិតកែប្រែឥរិយាបថ និងជំរុញឱ្យយុទ្ធនាការនេះក្លាយទៅជាចលនាជាតិ និងវប្បធម៌ ផលិតភាពនៅកម្ពុជា។
គួរជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអិននិត ខេមបូឌា(People in Need Cambodia) និងអង្គការស្វីសខនថាក់ (Swiss Contact)៕