ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គាំទ្រក្នុងការសហការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យតំណាងអង្គការដើម្បីស្នាមញញឹមនៃកុមារ PSE ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈជំនួបនេះ តំណាងអង្គការ PSE បានស្នើសុំកិច្ចសហការពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្មដល់សិស្សរបស់ខ្លួន បន្ថែមពីលើជំនាញដែលមានស្រាប់ ដូចជា វគ្គបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងជំនាញផ្សេងៗទៀត។
សូមជម្រាបថា បច្ចុប្បន្ននេះ អង្គការ PSE កំពុងតែផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សដែលមានជីវភាពក្រក្សត់យ៉ាងហោចណាស់ ៦ ៥០០នាក់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ខណៈដែលទីផ្សារការងារកំពុងតែត្រូវការអ្នកជំនាញផ្នែកកសិកម្ម អង្គការ PSE រំពឹងថា ក្រសួងនឹងពិចារណាផ្ដល់ការគាំទ្រដល់អង្គការ ដើម្បីបណ្ដុះបណ្ដាលសិស្សរបស់ខ្លួន នៅក្នុងវិស័យកសិកម្មនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានស្វាគមន៍ និងបានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងក្នុងការសហការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកកសិកម្មដល់សិស្សរបស់អង្គការ PSE។ ការគាំទ្រនោះទៀតសោត ឯកឧត្តមបញ្ជាក់ថា គួរមានការសិក្សាបន្ថែមទៀត ថាតើក្រសួងកសិកម្មនិងអង្គការ PSE អាចសហការគ្នាក្នុងទម្រង់បែបណា ដើម្បីឱ្យសិស្សអាចទទួលបានវគ្គបណ្ដុះបណ្ដាលផ្នែកកសិកម្ម ដែលបម្រើដល់សេចក្ដីត្រូវការនៃទីផ្សារការងារពិតប្រាកដ ៕