ឯកឧត្ដម ខូយ រីដា ចុះត្រួតពិនិត្យធនធានមច្ឆាជាតិនៅស្រុកក្រគរ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង
ពោធិ៍សាត់៖ ឯកឧត្ដមខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣បានដឹកនាំកម្លាំងចម្រុះ និង មន្ត្រីជំនាញចុះត្រួតពិនិត្យធនធានមច្ឆាជាតិនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រំប្រទល់ និងខេត្តកំពង់ឆ្នាំង។
នៅក្នុងបេសកកម្មចុះត្រួតពិនិត្យធនធានមច្ឆាជាតិនៅលើផ្ទៃទន្លេសាបនាឱកាសនោះ ឯកឧត្ដមខូយ រីដា ប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់ប្រជានេសាទទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ស្តីពីជលផលអោយបានគ្រប់ៗគ្នាដើម្បីចូលរួមថែរក្សាអោយបានគង់វង្សយូរអង្វែងនូវធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប ដើម្បីជាគុណប្រយោជន៍របស់ប្រជានេសាទបានប្រកបមុខរបរជាលក្ខណះគ្រួសារបានយូរអង្វែងតកូននិងតចៅ។ឯកឧត្ដមអភិបាលខេត្តក៍បានបន្តលើកឡើងថា ហាមដាច់ខាតនូវការប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់។
ជាមួយគ្នានោះដែរ ឯអភិបាលខេត្តក៍បានផ្តល់ និង ចែកជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួនដល់មន្ត្រីជំនាញ និង កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅលើផ្ទៃបឹងទន្លេសាបដើម្បីការពារនូវធនធានធម្មជាតិផងដែរ។
ឯកឧត្ដមអភិបាលខេត្តក៍បានស្នើរដល់រដ្ឋបាលជលផលគ្រប់ផ្នែក សង្កាត់ត្រូវបន្តផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទអោយបានទូលំលាយ និង យល់ច្បាស់អំពីឧបករណ៍នេសាទណាដែលច្បាប់អនុញ្ញាតិ និង ឧបករណ៍នេសាទប្រភេទណាខ្លះដែលច្បាប់ហាមឃាត់។
ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្តក៍បានដាក់ផែនការអោយមន្ត្រីជលផលទាំងអស់ត្រូវសហការណ៍គ្នាអោយបានល្អជាមួយនឹងមន្ត្រីពាក់ព័ន្ធនានា ត្រូវបន្តចុះល្បាតត្រួតពិត្យអោយបានជាប្រចាំដូចភ្លៀងរលឹមក្នុងករណីមានបទល្មើសច្រើនត្រូវប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបរួមគ្នាបង្រ្កាបអោយទាន់ពេលវេលា និង មានប្រសិទ្ធិភាព៕