ក្រសួងព័ត៌មាន នឹងបន្តផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងបន្តផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
កិច្ចសហការនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) ក្នុងជុំរំ អភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីសន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ។
ជាមួយគ្នានឹងសន្ទុះវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកំរ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យពួកគាត់បានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។
ក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋមន្រ្តីបើកចំហរក្នុងការផ្តល់កិច្ចសហការផ្សព្វផ្សាយដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) នៅតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួង៕