អតីតយុទ្ឋជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅស្រុកបារាយណ៍ មានជីវភាពលំបាកខ្វះខាត ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចមធិបតី និងលោកជំទាវ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ចំនួន១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅ ឃុំបារាយណ៍ ស្រុកបារាយ ណ៍ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់ នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញ លេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារទាំងអស់ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារកុំបីអាក់ខានឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំង អស់ ត្រូវខិតខំថែទាំសុខភាព រស់នៅស្អាតមានអនាម័យ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ អោយមានភាពល្អប្រសើរឡើង និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
នៅក្នុងឱកាសសាកសួរសុខទុក្ខនេះឧត្តមសេនី យ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុនី ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត ចំនួន១២ គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករ មីជាតិ ទឹកត្រី និងត្រីខកំប៉ុងផងដែរ
បងប្អូនអតីតយុទ្ធជនពិការ និង ក្រុមគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕