លួចគេបានគ្រាន់ តែម្ចាស់គេតាមទាន់ជាប់ខ្នោះ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ជនសង្ស័យ០១នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានបណ្ដឹងពីជនរងគ្រោះឈ្មោះ សូត្រ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ស្ដីពីករណីឆក់ទូរស័ព្ទ នៅចំណុចម្ដុំវិហារឥស្លាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ព្រមទាំងដកហូតវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពឆក់ទូរស័ព្ទ និងទូរស័ព្ទ១គ្រឿងដែលជាទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ តាំង ស្រីវី ហៅកាកា ភេទស្រី អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបខ្លួននិងបក្សពួកម្នាក់ទៀតឈ្មោះ ភ័ក្រ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ បាននាំគ្នាជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ទៅម្ដុំវិហារឥស្លាមស្រាប់តែឃើញស្រីៗ២នាក់ឈប់ទិញឥវ៉ាន់ ដោយឃើញទុកទូរស័ព្ទនៅក្នុងថតម៉ូតូស្គុបពីខាងស្ដាំ ពេលនោះឈ្មោះភ័ក្រ បានប្រាប់ឱ្យរូបខ្លួនទៅឆក់យកទូរស័ព្ទនោះ ពេលយកបានបានក៏នាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់ទូរស័ព្ទជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចសាលាបឋមសិក្សាអូជ្រៅ ស្រាប់តែម៉ូតូរបស់ខ្លួនរលត់ ពេលនោះឈ្មោះ ភ័ក្រ បានរត់ចោលម៉ូតូ ចំណែកខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថមកដល់ហើយឃាត់ខ្លួនតែម្ដង។
ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ ចំណែកជនសង្ស័យឈ្មោះ ភ័ក្រ កម្លាំងជំនាញកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នេះ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕