ពីថ្ងៃទី១៣-១៥ វិច្ឆិកា ប្រព័ន្ធសម្ពាធខ្ពស់ពីចិន បន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ធ្វើឲ្យបណ្ដាលខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដមណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី
⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី
⁃ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%
⁃ ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕