កម្ពុជា-ថៃ ធ្លាប់ឯកភាពគ្នា ឲ្យពលរដ្ឋឆ្លងកាត់ព្រំដែន ដោយមិនបាច់ប្រើប៉ាស្ព័រ ពិសេសជនជាតិថៃ ឆ្លងមកសៀមរាប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅពេលសម្តេចជួបនាយករដ្ឋមន្រ្តីថៃ កាលពីពេលកន្លងទៅនេះ គឺធ្លាប់បានឯកភាពគ្នាដោយឲ្យប្រជាជន ឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើប៉ាស្ព័រ ពិសេសជនជាតិថៃ ឆ្លងមកខេត្តសៀមរាប ដោយមិនបាច់ប្រើប៉ាស្ព័រ។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពង្រឹងវិសាលភាពប័ណ្ណព្រំដែន ដែលមានការសំណូមពរពីវិស័យឯកជន ដើម្បីឲ្យភ្ញៀវមានលទ្ធភាព ធ្វើដំណើរកម្សាន្តឆ្លងចូលព្រំប្រទល់ មកដល់ខេត្តសៀមរាបតែម្តងនោះ រាជរដ្ឋាភិបាល ទទួលយកសំណើរនេះ ។
ដោយសម្តេចបានឲ្យដឹងថា កម្ពុជា-ថៃកន្លងមក ធ្លាប់ឯកភាពគ្នាដោយប្រជាជន ឆ្លងកាត់ព្រំដែនដោយមិនបាច់ប្រើប៉ាស្ព័រ ជាពិសេសជនជាតិថៃ ឆ្លងមកសៀមរាបដោយមិនបាច់ប្រើប៉ាស្ព័រ ដោយប្រើប័ណ្ណវ៉ត់ធើផាក មកសៀមរាបតែម្តង ដោយភ្ជាប់មកខេត្តកំពង់ធំ ។ ចំពោះករណីនេះ សម្តេចបានឲ្យក្រសួងការបរទេសខ្មែរ និងក្រសួងមហាផ្ទៃធ្វើកិច្ចការងារនេះ ឲ្យបានឆាប់រហ័ស ។
ជាមួយគ្នានោះរាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ចេញយុទ្ធសាស្ត្រទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ ក្នុងខេត្តសៀមរាប។ សម្តេចក៏បានលើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយមិនត្រូវប្រកួតនឹងគ្នាឯងនោះទេ ៕