សម្តេចធិបតី៖ ដំណាំ៥មុខទៀត មិនជាប់ពន្ធ រួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បធកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងក្នុងស្រុក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងប្រាក់រំដោះពន្ធលើផលិតផលកសិកម្ម ចំនួន៥មុខបន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន ដែលរួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសិត្វ និងផលិតផលដូចប្រេង បន្ថែមលើផលិតផលដែលមានស្រាប់រួមមាន៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទី និងជ័រកៅស៊ូ។
ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាការឆ្លើយតបរាជរដ្ឋាភិបាល សម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជន ដោយដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖
ទី១៖ បន្តការលើកទឹកចិត្តផ្នែកពន្ធដារ ចំនួន២ឆ្នាំបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ការបន្តលើកទឹកចិត្ត នឹងត្រូវពិនិត្យជាក់ស្ដែង អំពីភាពចាំបាច់នៃការបន្ត ឬមិនបន្តនៅក្នុងរយៈពេលពីរឆ្នាំម្ដង។
ទី២៖ បន្ថែមផលិតផលកសិកម្ម ចំនួន៥មុខទៀត ដែលកំពុងមានសក្ដានុពល គឺមៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ។ ដោយអនុវត្តយន្ដការលើកទឹកចិត្តដូចគ្នានឹង ប្រកាសលេខ២៥២ ស្ដីពីការការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឲ្យមានការផ្តល់បញ្ជីឈ្មោះ អ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្មឲ្យបានច្បាស់លាស់ ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។
ទី៣៖ លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទី និងជ័រកៅស៊ូ ដោយបន្ថែមមៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើម ក្នុងការផលិតផលិតចំណីសត្វក្នុងស្រុក សម្រាប់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២៤ និងឆ្នាំ២០២៥ ៕