អាជ្ញាធរជាតិអប្សរា ពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទបាយ័នដែលរងការខួចខាត ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ
ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើនដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃសំណើម និងទឹកភ្លៀងឡើងវិញ។
មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុល លោក ជិន សុខម៉េង មានប្រសាសន៍ថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។
លោក សុខម៉េង មានប្រសាសន៍ទៀតថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១ សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះផង។ បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕