រាជរដ្ឋាភិបាល សម្រេចផ្តល់កម្ចីដល់ ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់កម្ចី ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការចំនួន២ ទី១៖ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមទានទុនរយៈពេល១២ខែ, ទី២៖ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីធានាអនុញ្ញាតឱ្យបងប្អូនដែលជាប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម…!»។
សម្តេចធិបតីសង្ឃឹមថាប្រាក់ចំនួន៥០លានដុល្លារអាមេរិកនឹងត្រូវដាក់ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណាបង្កើតប្រាក់ឱ្យកើនឡើង២០០ ឬ៣០០លានដុល្លារ។ សម្រាប់ប្រាក់ចំនួន៥០លានដុល្លារនេះ គឺជាដើមទុនឱ្យវិស័យឯកជនផ្នែកប្រតិបត្តិករទេសចរណ៍ រៀបចំសកម្មភាពទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប។ សម្តេចថាប្រតិបត្តិករទេសចរណ៍ ជាកម្លាំងចលករទាក់ម៉ូយឱ្យមកលេងកម្សាន្តនៅខេត្តសៀមរាប ប៉ុន្តែអ្នកទទួលផលពីភ្ញៀវទេសចរ គ្រប់ផ្នែកទាំងអស់ ទាំងសេដ្ឋកិច្ចជាតិ ទាំងអ្នកប្រកបរបរក្រៅប្រព័ន្ធជាដើម ៕