ក្រសួងការងារ ប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ និងបុគ្គលស្វ័យនិយោជន៍”
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអន្តរក្រសួង ស្តីពី “ការកំណត់ភាគទាន និងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ និងបុគ្គលស្វ័យនិយោជន៍”។
ដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម មិនសំដៅតែលើមន្ត្រីសាធារណៈ និងកម្មករ និយោជិត រដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គមថ្មីបន្ថែម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ដោយអាចទទួលបាននូវការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព។ កិច្ចការងារអាទិភាពនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ដែល “ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” ដោយផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” គឺជាកិច្ចអាទិភាពទី៤ នៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស”។
ការរៀបចំប្រព័ន្ធគាំពារសង្គមថ្មីនេះឡើង គឺស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ចំនុចទី២ ក្នុងចំណោមអនុសាសន៍ទាំង៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើរៀបចំក្នុងឆ្នាំ២០២៣ ដោយត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ៕