សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពបង្កើតក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតបានឯកភាពដល់ការបង្កើតក្រុមការងារតាមវិស័យមួយទៀត គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលធ្វើឲ្យក្រុមការងារតាមវិស័យ នៅតាមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានចំនួនសរុប១៥។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្តល់ការឯកភាពជាគោលការណ៍ ដល់ការបង្កើតក្រុមការងារតាមវិស័យ ១បន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទូរគមនាគមន៍ ដើម្បីជាអាទិភាពដាច់ដោយឡែកមួយ ក្នុងការស្តាប់ ហើយជួយគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍វិស័យជាអាទិភាពនេះ។ ដូច្នេះក្រុមការងារតាមវិស័យ នៅតាមយន្តការវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន នឹងមានចំនួនសរុប ១៥»។
សម្តេចធិបតីក៏បានណែនាំ ក្រុមការងារតាមវិស័យទាំង១៥ ត្រូវសហការយ៉ាងជិតស្និតជាមួយវិស័យឯកជន ដោយរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ ខិតខំដោះស្រាយបញ្ហាឲ្យអស់ប្រចាំថ្ងៃ នៅក្នុងវិស័យឯកជន ដោយមិនត្រូវរង់ចាំការរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ឡើយ។ ទន្ទឹមនេះ ដោយក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទើបតែត្រូវបង្កើតឡើង សម្តេចបានស្នើសុំរៀបចំសមាសភាពឲ្យបានឆាប់ ដើម្បីចាប់ផ្តើមប្រជុំ ដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន៕