ជាថ្មីម្ដងទៀត! សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនយកថ្លៃភាសុីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទូទាំងប្រទេស
ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្ដអនុវត្តការមិនយកលុយថ្លៃភាស៉ី និងសេវាផ្សេងៗ ពីប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូទាំងប្រទេស។
ការប្រកាសជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ដើម្បីប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។
លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានសម្រេចឲ្យអាជីវករលក់ដូរតាមផ្សារ និងទីតាំងផ្សាររដ្ឋទាំងអស់ ដែលមានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូបរបស់ខ្លួន អាចផ្ទេរកម្មសិទ្ធិទៅឲ្យកូនចៅ ឬអ្នកដទៃបាន។
សូមរំលឹកថា កន្លងមករាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស៕