សម្តេចធិបតី៖ ការដាក់ឱ្យអនុវត្តន៍កម្មវិធីជាតិ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគឺ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនការបង្កើនឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញនិងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្មវិធីទាំងពីរនឹងធ្វើដំណើរស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលមានគោលដៅរួមមាន៖
ទី១.ផ្ដល់នូវជំនាញដើម្បីទទួលបាននូវការងារសមរម្យនិងការប្រកបមុខរបរដោយខ្លួនឯង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសាលភាពសេដ្ឋកិច្ច។
ទី២.ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់ ដោយសារជំងឺនិងវិបត្តិសេដ្ឋកិច្ចសកល។ទី៣.ការបង្កើនលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធឱ្យក្លាយជាចលករដ៏សំខាន់ដែលអាចរួមចំណែកដល់ការសម្រេចបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ៕