លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចូលរួមកិច្ចប្រជុំស្ដីពីការអប់រំសុខភាព លើកកម្ពស់សុខភាព
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) បានចូលរួមកិច្ចប្រជុំស្ដីពីការអប់រំសុខភាព លើកកម្ពស់សុខភាព នៅមជ្ឃមណ្ឌលជាតិលើកកំពស់សុខភាព ។
សមាសភាពចំនួន ២៤រូបមកពីបណ្ដានាយកដ្ឋានផ្សេងៗដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត រួមទាំងមជ្ឈមណ្ឌលជាតិនានា ដែលមានដូចជាមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ពង្រឹងកិច្ចសម្របសម្រួល អំពីការងារអប់រំសុខភាព លើកកម្ពស់សុខភាពទាក់ទងនឹងជំងឺឆ្លង មិនឆ្លង សុខភាពមាតាទារក អាហាររូបត្ថម្ភ និងសុខភាពសាធារណផ្សេងទៀត ដើម្បី ពង្រឹងគុណភាពនៃការផលិតសម្ភារ ការអនុវត្តយុទ្ធនាការនានា ការអប់រំសុខភាព ការចែកចាយសម្ភារៈដែលបានផលិត(one stop service សម្រាប់ការពិនិត្យគុណភាព និង resource center for IEC/BCC)៕