ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានកោះនរា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ស្ពានកោះនរា ជាស្ពានប្រអប់បេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា។ ស្ពានកោះនរា បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
គម្រោងស្ពានកោះនរា មានប្រវែងសរុប ៨២៤ម៉ែត្រ ទទឹងស្ពានសរុប ២៤.៥ម៉ែត្រ។ បណ្តោយតួស្ពានមានប្រវែង ៤៨៣ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម៉ែត្រ ជាស្ពានចរាចរណ៍ទ្វេទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និង ២មក ដែល ១គន្លងមានទទឹង ៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និង ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង។
ស្ពានកោះនរា ចំណាយថវិកាសាងសង់ ៣៨លានដុល្លាអាមេរិក និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។ ស្ពាននេះ ចំណាយពេលសាងសង់ ៣៥ខែ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ក្រៅតែពីការសាងសង់ស្ពានកោះនរាហើយនោះ ដើម្បីសម្រួលភ្ជាប់ការធ្វើដំណើរចេញពីកោះនរា ទៅផ្លូវជាតិលេខ១ រាជរដ្ឋាភិបាលក៏បានសង់ស្ពានបេតុងចំនួនពីរទៀត។ ស្ពានបេតុងទាំងពីរនេះ ត្រូវបានគេឱ្យឈ្មោះថា «ស្ពាននាគភ្លោះកោះនរា»។
ស្ពាននាគភ្លោះកោះនរា មានបណ្តោយសរុបប្រវែង ៦០ម៉ែត្រ បណ្តោយតួស្ពានប្រវែង ៤៣ម៉ែត្រ, ទទឹងស្ពានសរុប ២៦ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានម្ខាងៗប្រវែង ៨.៥ម៉ែត្រ។
ស្ពាននាគភ្លោះកោះនរានេះ ចំណាយថវិកាសាងសង់ជាង ១លាន ៦០ម៉ឺនដុល្លារអាមេរិក និងចំណាយពេលសាងសង់២៥ខែ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ស្ពានកោះនរា ក៏ដូចជាស្ពាននាគភ្លោះកោះនរា ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្នក្នុងកំលុងពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលការធ្វើចរាចរណ៍។
សមិទ្ធផលលើទឹកដីអភិវឌ្ឍន៍ថ្មីកោះនរា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញនិយាយដាច់ដោយឡែក និងសម្រាប់ជាតិកម្ពុជានិយាយជារួម។ សមិទ្ធផលនេះ បានដើតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរលើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលរាជធានីភ្នំពេញ ក៏ដូចជាអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ។ ស្ពាននេះ ក៏បានរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍មួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ ៕