ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្ដីព្រាងប្រកាសអន្តរក្រសួង ស្ដីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មលើទ្រព្យសម្បត្តិសាធារណ:របស់រដ្ន នៅរដ្ឋបាលរាជធានី-ខេត្ត
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង ប្រកាសអន្តរក្រសួង ស្ដីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទលើទ្រព្យសម្បត្តិសាធារណ:របស់រដ្ន នៅរដ្ឋបាលរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្ដម អគ្គនាយក ក៏បានបញ្ជាក់ថា សេចក្ដីប្រកាសអន្តរក្រសួងនេះ គឺមានគោលបំណង ពង្រឹងការគ្រប់គ្រង ដើម្បីកំណត់អំពីគោលការណ៍ និងនីតិវិធីនៃការការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទលើទ្រព្យសម្បត្តិសាធារណ:របស់រដ្ន នៅរដ្ឋបាលរាជធានី-ខេត្ត ដែលសេចក្តីព្រាងនេះ មាន៨ជំពូក ២៣ មាត្រា ដោយមានវិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ដែលជាសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការកៀរគរប្រភពចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទលើទីតាំងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅរាជធានី-ខេត្ត៕