នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរខេត្តសៀមរាប ខិតខំធានាធ្វើយ៉ាងណាឲ្យមានសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានយន្តហោះថ្មី
ភ្នំពេញ៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំបន្ថែមដល់អាជ្ញាធរខេត្តសៀមរាប ត្រូវខិតខំក្នុងការការពារសន្តិសុខ សណ្ឋាប់ធ្នាប់ នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្នុងខេត្តសៀមរាបទាំងមូល ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្ត ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីបញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ចជួយធ្វើយ៉ាងណាឱ្យសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានថ្មី ក៏ដូចជានៅក្នុងខេត្ត ធ្វើយ៉ាងណាឱ្យមានដំណើរការបានល្អ ធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនទេសចររបស់យើងនៅក្នុងខេត្ត កិច្ចការនេះសំខាន់ណាស់»។
សម្តេចធិបតីថ្លែងបន្តថា បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍បាននិងកំពុងធ្វើការងារ ដើម្បីបង្កើនការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ពីបណ្តាប្រទេសនានាមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ហើយជាមួយគ្នានេះ ក្នុងជំនួបរវាងសម្តេចធិបតីជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងទៀត កាលពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៣នេះ សម្តេចបានចរចាគ្នា ក្នុងការតភ្ជាប់តំបន់ទេសចររវាងគ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ាន ដូចជាពីវៀតណាម ឡាវ ហ្វីលីពិន ថៃ វៀតណាមជាដើម ដើម្បីធ្វើយ៉ាងណាបង្កើនការហោះហើរដោយត្រង់មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយសង្ឃឹមថានៅឆ្នាំ២០២៤ នឹងអាចឈានទៅដល់ការជំរុញកំណើនទេសចរឱ្យកាន់តែច្រើនមកកាន់ច្រកអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ៕