សម្តេចធិបតី៖ កម្ពុជានឹងដាក់ដំណើរការ ប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរមុនគេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចូលកម្ពុជា E-Arrival នឹងត្រូវដាក់ឲ្យដំណើរការ នៅព្រលានយន្តហោះសៀមរាប-អង្គរមុនគេបង្អស់ នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃទី១៦ វិច្ឆិកានេះ សម្តេចធិបតី បញ្ជាក់ថា «ខ្ញុំក៏សូមផ្តល់ជូនដំណឹងផងដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់កម្ពុជា បានរៀបចំអនុវត្តគម្រោងថ្មីមួយ ពាក់ព័ន្ធនឹង E-Arrival ដើម្បីទីមួយ ជួយសម្រួលក្នុងការធ្វើឲ្យមានភាពសាមញ្ញក្នុងការបំពេញឯកសារ ជា Custom និងអន្តោប្រវេសន៍ ហើយទីពីរ កាត់បន្ថយការប្រើប្រាស់ក្រដាស ទៅជាការប្រើប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច។ អញ្ចឹង ភ្ញៀវដែលមកទីនេះមិនបាច់ឆ្លងកាត់ការបំពេញទម្រង់ទេ ដើម្បីងាយស្រួល។ គម្រោងនេះ ដែលត្រូវធ្វើឲ្យចប់ចុងឆ្នាំ២០២៣ នឹងត្រូវអនុវត្តជាគម្រោងគម្រូ Pilot Project នៅព្រលានយន្តហោះខេត្តសៀមរាបមុនគេ នៅឆ្នាំ២០២៤»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» គឺជាការជួយស្រោចស្រង់ទេសចរណ៍នៅសៀមរាបឡើងវិញ។ សម្តេចធិបតី បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជានិយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចនៅទូទាំងប្រទេសនិយាយជារួម ៕