ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះត្រួតពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
ភ្នំពេញ៖ នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាពសហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះត្រួតពិនិត្យគម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរទក់ ស្ថិតនៅក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរទក់ត្រូវធ្វើការជួសជុលទំនប់ដីចំនួន ០១ខ្សែ ប្រវែង ៣.១០០ម៉ែត្រ ប្រឡាយមេដីចំនួន ០២ខ្សែ ប្រវែង ៦.២០០ម៉ែត្រ និងជួសជុលសំណង់សិល្បការចំនួន ៨៣កន្លែង ដើម្បីរក្សានិរន្តរភាពការងារស្រោចស្រព។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះបានជួសជុលនិងស្តារឡើងវិញក្នុងឆ្នាំ២០១៥ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ក្នុងឆ្នាំ២០២៣ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូរទក់លើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នេះ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តប្រឡាយអូរទក់ទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងទំនប់ និងមួយភាគទៀតពីអូរទក់ដែលហូរធ្លាក់ពីខេត្តព្រះវិហារ ដើម្បីធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដំណាំស្រូវវស្សា ៩២៧ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ២៨៥ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ២៨៥ហិកតា និងដំណាំរួមផ្សំមួយចំនួន២០ហិកតា។ ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ ជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕