កម្ពុជាកំពុងជំរុញការនាំចេញកសិផលកម្ពុជាឲ្យបានច្រើនទៅលើទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព និងតម្លៃខ្ពស់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងវត្តមានអង្ករកម្ពុជាមាននៅលើទីផ្សារឥណ្ឌូនេស៊ី ដើម្បីធានាបាននូវសន្តិសុខស្បៀង។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាកំពុងជំរុញការនាំចេញកសិផលកម្ពុជាឲ្យបានច្រើនទៅលើទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព និងតម្លៃខ្ពស់។ ទន្ទឹមនឹងនេះដែរ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគនៅក្នុងខ្សែច្រវាក់ផលិតកម្ម ពិសេសនៅកម្រិត Upstream លើការកែច្នៃ វេចខ្ចប់ អង្ករសម្រាប់នាំចេញផ្ទាល់ទៅកាន់ទីផ្សារឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីអង្ករ កម្ពុជានៅមានផលិតផលសក្តានុពលជាច្រើនទៀត ដូចជាស្វាយចន្ទី ម្រេច និងវារីវប្បកម្មទឹកសាបផងដែរ៕