សម្តេចធិបតី៖ កីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សម្រេចឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «គឺចំពោះកីឡាករ កីឡាការិនីយើងទាំង២៦ រូបដែលបានទទួលមេដាយមាស ប្រាក់និងសំរឹទ្ធ នៅកីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ ហើយឆ្នាំនេះ ត្រូវប្រឡងបាក់ឌុបហើយសុំគោលការណ៍ជាប់ដោយស្វ័យប្រវត្តិ ខ្ញុំបានចារឯកភាពពីល្ងាចមិញ សូមជាការលើកទឹកចិត្ត ព្រោះបងប្អូនខិតខំប្រឹងប្រែងដើម្បីយកមេដាយជូនជាតិហើយខិតខំរៀនផង។អញ្ចឹងខ្ញុំគិតថាវាសមណាស់ហើយ»។
សូមរម្លឹកថា កាលពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានប្រគល់ជូន៨នាក់ ដែលនេះជាការលើកទឹកចិត្តមួយឱ្យសមស្របទៅនឹងការខិតខំប្រឹងប្រែង ៕