សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាទទួលបានជោគជ័យ ដោយសារការជួយពីមិត្តចិន
ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំការប្រកួតព្រឹត្តិការកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អាចទទួលជោគជ័យទៅបាន ក៏ដោយសារការជួយជ្រោមជ្រែងពីមិត្តចិន ពិសេសតាមរយៈការជួយកសាងពហុកីឡដ្ឋានមរតកតេជោតែម្ដង។
ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយលោកជំទាវបណ្ឌិត ក្នុងពិធីអបអរសាទរ ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់យើងក៏នឹងមិនអាចប្រព្រឹត្តទៅបានឡើយ បើយើងគ្មានពហុកីឡដ្ឋានមរតកតេជោ ដ៏ធំស្កឹមស្កៃជាប្រវត្តិសាស្ដ្រនេះ។
ពហុកីឡដ្ឋាននេះជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ស៉ី ជីនពីង ប្រធានាធិបតេយ្យ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបើសិនគ្មានការជួយគាំទ្រពីរដ្ឋាភិបាលចិន ក្នុងការកសាងពហុកីឡដ្ឋាននេះ យើងក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ»។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលចាត់ទុកកម្ពុជាជាមិត្តដែកថែប និងដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងការជួយដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងគ្រប់ផ្នែកទាំងអស់ដើម្បីយើងអាចដំណើរការប្រតិបត្តិនេះបានជោគជ័យ ក៏ដូចជាបណ្ដាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ និងក្រុមការងារជំនាញមកចូលរួម ដើម្បីដឹកនាំការប្រកួតនេះបានជោគជ័យ ប្រកបដោយស្មារតីមិត្តភាព និងសហប្រតិបត្តិការខ្ពស់៕