ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញជាវាគ្មិនដើម្បីចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងសន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកដើម្បីប្រជាជនលើកទី៧ នាទីក្រុងបាងកក
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានប្រតិភូកម្ពុជាក្នុងសន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកដើម្បីប្រជាជនលើកទី៧ នៅទីក្រុងបាងកកនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានអញ្ជើញជាវាគ្មិនដើម្បីចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់បន្ថែមផងដែរថា កម្ពុជាទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមប្រទេស៤៣ក្នុងអាស៊ី និងប៉ាស៊ីហ្វិក នេះបើយោងតាមការដាក់ពិន្ទុដែលដឹកនាំដោយវេទិការសភាអឺរ៉ុបសម្រាប់សិទ្ធិផ្លូវភេទ និងបន្តពូជ (European Parliamentary Forum for Sexual and Reproductive Rights) និងដឹកនាំដោយសហព័ន្ធអន្តរជាតិផែនការគ្រួសារ (International Planned Parenthood Federation) ក្នុងឆ្នាំ២០២៣។
ការពិនិត្យនេះ គឺមើលទៅលើក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងការទទួលបានសេវា និងគោលនយោបាយទាក់ទងនឹងមូលនិធិ។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខភាពស្រ្តី ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ (International Conference on Population and Development)៕