ឧត្តមសេនីយ៍ឯក កែវ ធី ជួបសំណេះសំណាល បំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៣
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានលើកឡើងថា បើប្រទេសជាតិគ្មានសុខសន្តិភាព យើងទាំងអស់គ្នា ក៏មិនមានឱកាសបង្កើតនូវកម្មវិធីជួបជុំដូចថ្ងៃនេះបានឡើយ។
ឯកឧត្តម បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលបំពាក់ឋានន្តរសក្ដិ និងគ្រឿង
ឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ផ្ទេរចេញពីកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ឯក កែវ ធី បានបន្តថា បើទោះបីជាបងប្អូនត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាក្តី ក៏បងៗ និងប្អូនៗ នៅតែអាចចូលមកសំរាកលេង ជាមួយយុទ្ធមិត្តយើងបានជាធម្មតា។ លោកថាពួកយើងទាំងគ្នានៅតែចងចាំជានិច្ចមិនអាចភ្លេចបាននូវស្នាដៃ និងវីរៈភាពដ៏អស្ចារ្យ ក្នុងការលះបង់ នូវសាច់ស្រស់ ឈាមស្រស់ និងពេលវេលា រស់នៅជុំជាមួយក្រុមគ្រួសារ ចូលរួមបម្រើជាតិមាតុភូមិ នាពេលកន្លងមកនេះ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើទៅកាន់បងប្អូន យោធិនទាំងអស់ ក្រោយពេលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ កសាងជីវភាពប្រចាំថ្ងៃបានល្អប្រសើរ ធ្វើជាពលរដ្ឋល្អ ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការរីកចម្រើន និងថែរក្សាសុខសន្តិភាព ដែលប្រទេសជាតិ យើងមានសព្វថ្ងៃនេះ ឱ្យបានគង់វង្សយូរអង្វែង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕