លោក Jos Biden និងលោក Xi Jinping ជួបពិភាក្សាគ្នាដើម្បីជំរុញស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់
បរទេស៖ កិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping នៅសប្តាហ៍នេះ និងកិច្ចព្រមព្រៀងដើម្បីស្តារទំនាក់ទំនងយោធា ទំនងជានឹងធ្វើអោយប្រសើរឡើងនូវស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមប្រធានគណៈប្រតិភូនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ចរបស់តៃប៉ិបាននិយាយកាលពីថ្ងៃសុក្រ។
លោក Morris Chang ដែលកំពុងនៅទីក្រុង San Francisco ក្នុងឋានៈជាបេសកជនរបស់តៃវ៉ាន់សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានឲ្យដឹងថា «ខ្ញុំពិតជាគិតថាវាជាកិច្ចប្រជុំដ៏ល្អមួយ វាជាដំណឹងល្អដែលថាពួកគេបានចាប់ផ្តើមទំនាក់ទំនងយោធាឡើងវិញ»។
លោក Morris Chang បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា វាគួរតែជួយកាត់បន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ហើយវាគួរតែបង្កើនស្ថេរភាពនៃច្រកសមុទ្រតៃវ៉ាន់»។
លោក Morris Chang អាយុ ៩២ ឆ្នាំ គឺជាស្ថាបនិកក្រុមហ៊ុនផលិត semiconductor យក្សតៃវ៉ាន់ (TSMC)។
ប្រទេសចិនបានទាមទារតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាប្រឆាំងនឹងខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តៃវ៉ាន់ជាចំណុចសំខាន់នៃភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។
កាលពីថ្ងៃសុក្រ លោក Morris Chang បានបញ្ជាក់ថា លោកមិនមានកិច្ចពិភាក្សាណាមួយជាមួយលោក Xi Jinping ក្នុងសប្តាហ៍នេះទេ បើទោះបីជាលោកបានពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស Antony Blinken និងអនុប្រធានាធិបតី Kamala Harris ក៏ដោយ។
លោកក៏មានទំនាក់ទំនងក្រៅផ្លូវការជាមួយលោក Biden ផងដែរ។
ប៉ុន្តែលោកបានសម្តែងការគាំទ្រចំពោះការទប់ស្កាត់ការនាំចេញរបស់សហរដ្ឋអាមេរិកក្នុងគោលបំណងកាត់ផ្តាច់ការចូលប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់របស់ប្រទេសចិន ដែលជាគន្លឹះក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI និងអាវុធទំនើបៗ។
លោកបានបន្តថា យ៉ាងហោចណាស់នៅក្នុងបន្ទះសៀគ្វីពាណិជ្ជកម្មសេរីគឺស្ទើរតែស្លាប់។
លើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការជំរុញឧស្សាហកម្ម semiconductor ផ្ទាល់របស់ខ្លួន លោក Morris Chang បានកត់សម្គាល់ថាសម្រាប់សហរដ្ឋអាមេរិកក្នុងការដំឡើងរោងចក្រដូចជា TSMC គឺជាបញ្ហាដែលមិនអាចទៅរួចក្នុងរយៈពេលខ្លី។
ប្រភព៖ Barron
ប្រែសម្រួលដោយ៖ ឡាយ លីហួ